Header Ads

[ចំនេះដឹង] តើអ្នកមានស្គាល់ថា "ណូរី" គឺជាអ្វីទេ?

ណូរី
ណូរី : ជាមធ្យោបាយដឹកជញ្ជូនដ៏ប្លែកមួយ ដែលជនបរទេសឲ្យឈ្មោះថា រថភ្លើងឬស្សី (Bamboo Train)
យានជំនិះកែច្នៃធ្វើពីគ្រែរនាបឫស្សីសម្រាប់រត់នៅលើផ្លូវដែកដែលគេស្គាល់ថា «ណូរី» ត្រូវបានអ្នកស្រុករស់នក្បែរបណ្តោយផ្លូវដែក ដែលគេទុកចោល បានបង្កើតឡើងក្រោយចេញពីរបបខ្មែរក្រហមមក សម្រាប់ជួយសំរួលដល់ការដឹកជញ្ជូននានានៅតាមភូមិស្រុកជិតៗគ្នា ពីភូមិមួយទៅភូមិមួយ ឬក៏ពីឃុំមួយទៅឃុំមួយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ណូរី សម្រាប់រត់នៅលើផ្លូវដែក ជាយានជំនិះកែច្នៃដ៏សាមញ្ញមួយរបស់ប្រជាពលរដ្ឋកម្ពុជាអ្នកមានគំនិតច្នៃប្រឌិតដោយធ្វើពីគ្រែរនាបឫស្សីទំហំប្រហែល១,៦ម៉ែត្រ គុណ៤ម៉ែត្រ លើកដាក់បន្តុបពីលើដុំកង់ដែក ដើរដោយម៉ូទ័រឆ្នៃពីម៉ាស៊ីនម៉ូតូ ឬម៉ាស៊ីនបូមទឹកដែលគេដាក់នៅខាងក្រោយ។ ប្រហែលឃើញគ្រែធ្វើពីរនាបឫស្សីនេះហើយបានជាជនបរទេសហៅឈ្មោះថា រថភ្លើងឬស្សី (Bamboo Train)។ ចំណែកឯ កង់របស់វាវិញ គឺជាដុំកង់រថក្រោះ ដែលនៅសេសសល់ពីសម័យសង្គ្រាម ហើយអាចរត់បាននៅលើផ្លូវដែកក្នុងល្បឿនដល់ទៅ 50km/h។
គ្មានឯកសារច្បាស់លាស់មួយណានិយាយអំពីប្រវត្តិនៃពាក្យណូរីនេះទេ។ ប៉ុន្តែគេអាចទាយស្មានបានថា វាប្រហែលជាកំឡាយសំនៀងមកពីភាសាបរទេស “Lorry” ដែលមានន័យថាកូនទូរអយស្ម័នយានដឹកប្រដាប់
ប្រដារ និងថែទាំផ្លូវ។ គេឃើញមានប្រើណូរី តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ សំរាប់ដឹកឥវ៉ាន់ផ្ទាល់ខ្លួនតាមផ្លូវដែក។ ពេលនោះមិនទាន់មានម៉ូទ័រទេ ហេតុនេះម្ចាស់វាតែងប្រើថ្នោលឫស្សីសំរាប់ដោល។ នៅទសវត្សរ៍ឆ្នាំ១៩៨០ មធ្យោបាយនេះ គេក៏បានយកមកប្រើវាសំរាប់ការដឹកជញ្ជូនកងទ័ព ទៅកាន់ខ្សែត្រៀមខាងមុខ ផងដែរ។
រយៈពេលជាង៤០ឆ្នាំមកនេះ ណូរីបានក្លាយជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ជាពិសេសខេត្តបាត់ដំបង។ ប្រជាពលរដ្ឋខ្មែរមួយចំនួនត្រូវការណូរី ធ្វើដំណើរតាមផ្លូវដែក ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់គោលដៅជិតៗតាមបណ្តោយផ្លូវដែកកម្ពុជាដ៏ចំណាស់នេះ។ ក្រៅពីធ្វើដំណើរធម្មតា អ្នកស្រុកនៅទីនោះ បានប្រើប្រាស់ ណូរី ដើម្បីដឹកជញ្ជូនស្រូវទំនិញទៅលក់នៅតាមទីផ្សារ សត្វចិញ្ចឹមជាដើម។ ផ្សេងពីនេះទៀត ភ្ញៀវទេសចរបរទេសមួយចំនួនក៏និយមជិះលេងដែរ។
ណូរី ក៏បានរួមចំណែកមួយផ្នែកធំដល់វិស័យទេសចរណ៍ក្នុងសហគមន៍ ព្រោះតែមានភ្ញៀវទេសចរបរទេស តែងតែចង់ជិះណូរី កម្សានដើម្បីមើលទេសភាពតាមទីជនបទ មើលវាលស្រែ និងមើលពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាដើម។
បច្ចុប្បន្ន ណូរី បានក្លាយជាវត្ថុទាក់ទាញទេសចរណ៍ដ៏សំខាន់មួយនៅ ខេត្តបាត់ដំបង។ ការផ្សព្វផ្សាយច្រើនពីដំណើរកម្សាន្តតាមណូរី នេះ បានធ្វើឲ្យយានជំនិះកែច្នៃមួយប្រភេទនេះរឹតតែទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ ឲ្យរួសរាន់មកសាកល្បងជិះដោយសារតែវាអាចនឹងបាត់បង់នាអនាគតពេលគម្រោងជួសជុលផ្លូវរថភ្លើងទៅដល់ទីនោះ។ ប៉ុន្មានឆ្នាំមុននេះ ការជិះណូរីសម្បូរតែជនបរទេស ប៉ុន្តែនាពេលបច្ចុប្បន្ន ភ្ញៀវខ្មែរមានកាន់តែច្រើន ជាពិសេស គឺយុវវ័យតែម្ដង។ នាពេលរសៀល មានមនុស្សម្នាចម្រុះជាតិសាសន៍ ឈរត្រៀបត្រាពេញស្ថានីយរថភ្លើងចាស់ នៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយចំណាយពេលធ្វើដំណើប្រមាណជា១៥នាទី ពីទីរួមខេត្តបាត់ដំបង។ សំបុត្រតម្លៃ៥ដុល្លារក្នុងម្នាក់សម្រាប់ភ្ញៀវខ្មែរ និងបរទេសនេះ គិតចាប់ពីចំណុចរ៉ាអូរដំបង ទៅដល់រ៉ាអូរស្រឡៅ ដែលជាគោលដៅត្រូវឈប់។
ចំពោះលក្ខខណ្ឌតាមទម្លាប់នៃការធ្វើដំណើរវិញ នៅពេលដែលជួបប្រទះរថភ្លើងនៅកណ្តាលផ្លូវ អ្នកដំណើរក៏ដូចជាអ្នកបើកត្រូវស្រូតចុះ រួចជួយលើកគ្នាចេញពីផ្លូវដែក។ ម្យ៉ាងវិញទៀត នៅក្នុងស្ថានភាពពេលណូរី ជួបគ្នានៅកណ្ដាលផ្លូវ គេត្រូវសន្មត់លើទម្ងន់ គឺអ្នកបើកណូរីនៅទិសម្ខាងដែលមានចំនួនមនុស្សជិះតិចជាង ឬមានទម្ងន់ស្រាលជាង ត្រូវចុះពីណូរី ហើយលើកយានជំនិះនេះអែបទៅម្ខាងផ្លូវ ដើម្បីឲ្យអ្នកបើកនៅទិសម្ខាងទៀតដែលមានទម្ងន់ធ្ងន់ជាងអាចបន្តដំណើរទៅមុខបាន។
ខេត្តបាត់ដំបង អាចជាកន្លែងចុងក្រោយដែលណូរីនៅដំណើរការ។ បច្ចុប្បន្ន មានចំនួនណូរីពី៣០ទៅ៥០គ្រឿង រត់ជាប្រចាំថ្ងៃ ស្របនឹងចំនួនភ្ញៀវទេសចរជាតិក៏មានកំណើនពី១០ទៅ ២០ភាគរយ។ ប៉ុន្តែមិនយូរទេ ណូរី ក៏នឹងគ្មានវត្តមាននៅទីនេះទៀតដែរ។ ណូរី អាចឈប់ដំណើរការទំាងអស់ នៅពេលដែលវិស័យអយស្ម័យានកម្ពុជាមានការអភិវឌ្ឍន៍។




ប្រភពៈ ខ្មែររីករាយ

No comments